បន្ទាប់ពីជ្រើសរើសកូនកន្ធាយបានល្អៗហើយ កសិករ ជាទូទៅ គេត្រូវរៀបចំអាងស៊ីម៉ង ត៍ឬជីកស្រះ យ៉ាងហោចណាស់ ទំហំ ៥ម៉ែត្រការ៉េ និងមានជម្រៅពី ១ ម៉ែត្រ ទៅ ១,៥ម៉ែត្រ ដែលអាចដាក់កន្ធាយច្រើនបំផុត ២០០កូន ដើម្បីឲ្យកន្ធាយងាយស្រួលរស់នៅ។ គេក៏អាចរៀបចំអាងចិញ្ចឹមកន្ធាយតាមតម្រូវការជាក់ស្តែង ហើយបរិមាណកូនកន្ធាយ គឺអាស្រ័យលើទំហំអាងនោះ។ ចំណែកនៅបាតអាង ឬស្រះ ត្រូវដាក់ដីខ្សាច់កម្រាស់ ១ទៅ ២តឹក និងបញ្ចូលទឹកឲ្យពេញស្រះ។ បន្ទាប់មកបាចកំបោរប្រមាណ ១គីឡូទុកចោលប្រហែល ៣ អាទិត្យ សឹមបញ្ចូលទឹកបំពេញ មុននឹងដាក់ថ្នាំធ្វើឲ្យទឹកស្អាត ឬអាចត្រាំជាមួយដើមចេក ចំនួន ៣ អាទិត្យទៀត ទើបអាចដាក់កូនកន្ធាយចិញ្ចឹមបាន។ រីឯនៅមាត់អាំង ឬស្រះ ត្រូវក្របស័ង្កសី ឬប្រើសំណាញ់ព័ទ្ធជុំវិញ ដើម្បីកុំឲ្យកន្ធាយវាឡើង ហើយគេអាចដាំត្រកួន កំប្លោក ចកជាដើម ដើម្បីជាម្លប់ដល់កន្ធាយ។ សូមបញ្ជាក់ថា ទីតាំងអាង ឬស្រះចិញ្ចឹមត្រូវមានទីតាំងជិតផ្ទះ និងស្ងប់ស្ងាត់ល្អ ដើមម្បីងាយស្រួលក្នុងការថែទាំ។
ជាទូទៅ កន្ធាយដែលមានតម្រូវការទីផ្សារគឺមានទម្ងន់កន្លះគីឡូក្រាម។ ដើម្បីបានកន្ធាយដែលមានកន្ធាយចាប់ពីកន្លះគីឡូក្រាមឡើង គឺត្រូវចំណាយពេលចិញ្ចឹម ពី ៧ ខែ ទៅ ៩ ខែ។ ប៉ុន្តែបើចិញ្ចឹមទុកធ្វើពូជ គឺត្រូវចិញ្ចឹមចាប់ពី១ឆ្នាំឡើងទៅ។



ដើម្បីឲ្យកន្ធាយធំធាត់ល្អ គេត្រូវផ្តល់ចំណីឲ្យវាមួយថ្ងៃ ២ដង ហើយចំណីរបស់កន្ធាយ គឺមានទាំង
ចំណីឧស្សាហកម្មដែលកែច្នៃពីក្រុមហ៊ុន និងចំណីធម្មជាតិ ដែលមានដូចជាសាច់ត្រី,កូនត្រី,ឬដំឡូងជ្វា។ ប៉ុន្តែសម្រាប់ចំណីកូនកន្ធាយ ដែលទើបដាក់ក្នុងអាងដំបូង ត្រូវស្ងោរដំឡូងជ្វាឲ្យផុយល្មម កិនឲ្យបែកតូចៗ ឬសាច់ត្រីកិន យកទៅចាក់លើក្ដាមាត់ស្រះឲ្យវាស៊ី រហូតបានមួយខែទើបអាចចិញ្ច្រាំដំឡូងឆៅល្អិតៗ ឲ្យវាស៊ីបាន។
0 Comments
Thanks For Supported!