នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ពេលក្រុមប្រជាពលរដ្ឋមួយចំនួន ធ្វើដំណើរទៅដល់វត្តមហាមន្រ្តី ដើម្បីឆ្ពោះទៅមុខសាលាដំបូងរាជធានីភ្នំពេញ

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ពេលក្រុមប្រជាពលរដ្ឋមួយចំនួន ធ្វើដំណើរទៅដល់វត្តមហាមន្រ្តី ដើម្បីឆ្ពោះទៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្រុមអាជ្ញាធរក្នុងខណ្ឌ៧មករា ក៏ទៅទប់ស្កាត់ពួកគេ នៅម្តុំវត្តមហាមន្រ្តីនោះ ហើយក៏បានប៉ះទង្គិចគ្នា។ មានយុវតីពីរនាក់ បានរងរបួស ក្នុងការប៉ះទង្គិចនោះ។

សារព័ត៌មានថ្មីៗ មិនអាចសុំការឆ្លើយតបពីលោក លឹម សុភា អភិបាលខណ្ឌ៧មករា បានឡើយ ដោយលោក ប្រាប់ថា កំពុងជាប់ប្រជុំ ហើយក៏ផ្តាច់ការហៅចូល។ ចំណែក លោក នេត ស៊ីថុន អធិការខណ្ឌ៧មករា ឆ្លើយថា លោក មិនបានដឹងរឿងនេះទេ។

ក្រៅពីនេះ នៅថ្ងៃទី៥ ខែសីហា ដដែល មានព្រះសង្ឃមួយចំនួនទៀត ត្រូវបានអាជ្ញាធរ ឃាត់ព្រះកាយ នៅវត្តបទុមវតី រាជធានីភ្នំពេញ។ ព្រះសង្ឃទាំងនោះ ជាសមាជិកក្រុមយុវជនខ្មែរថាវរៈ ហើយនិមន្តពីខេត្តបាត់ដំបង បម្រុងនឹងចូលរួមជាមួយសមាជិកផ្សេងទៀតនៃក្រុមយុវជនខ្មែរថាវរៈ ដើម្បីទៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។
អាស៊ីសេរី បានស្រង់សម្តីរបស់លោក ហ៊ុន វណ្ណៈ តំណាងក្រុមយុវជនខ្មែរថាវរៈថា មានព្រះសង្ឃ៨អង្គ ដែលត្រូវឃាត់ព្រះកាយ ទទួលបានការអនុញ្ញាតឲ្យចេញពីវត្តបទុមវតីហើយ ហើយអាជ្ញាធរ បាននិមន្តព្រះអង្គ ឲ្យត្រឡប់ទៅខេត្តបាត់ដំបងវិញ តែនៅមានព្រះសង្ឃ២អង្គទៀត មិនទាន់ទទួលបានដំណឹងនៅឡើយទេ។
នៅថ្ងៃទី៣ ខែសីហា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន ហើយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ទៅកាន់ក្រុមអ្នកតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន។
តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ព្រមានថា ការប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុង ឈុន គឺមិនមែនជាទង្វើត្រឹមត្រូមតាមច្បាប់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ វា ជាការដាក់សម្ពាធលើស្ថាប័នតុលាការ ដែលអាចប្រឈមមុខនឹងការចោទកាន់  តាមមាត្រា៥២២នៃក្រមព្រហ្មទណ្ឌកម្ពុជា។ អ្នកនាំពាក្យ ចាត់ទុកសកម្មភាពរបស់ក្រុមអ្នកទៅតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ថា ខុសច្បាប់ ហើយអំពាវនាវឲ្យពួកគេ បញ្ឈប់ជាបន្ទាន់ «មុននឹងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការ»។
ចំណែកលោក ឃួង ស្រេង ចាត់ទុកសកម្មភាពជួបជុំ ហើយទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ថាបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រក្រតីភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ ការធ្វើចរាចរណ៍ និង ប្រាសចាកពីគោលការណ៍ច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី។ លោក បន្តថា ទន្ទឹមនឹងនេះ សកម្មភាពប្រមូលផ្តុំគ្នា ក្នុងដំណាក់កាលរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ គឺផ្ទុយពីវិធានការរបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលកម្ពុជា។

ក្នុងសេចក្តីណែនាំរបស់ខ្លួន លោកអភិបាលរាជធានីភ្នំពេញ តម្រូវថា រាល់ការជួបជុំឬការប្រមូលផ្តុំទាំងអស់ ត្រូវជួនដំណឹងទៅរដ្ឋបាលរាជធានីភ្នំពេញ។ លោក ព្រមានថា រាល់ការជួបជុំឬការប្រមូលផ្តុំ ដែលគ្មានការជូនដំណឹង ត្រូវចាត់ទុកជាទង្វើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការតាមច្បាប់។
ទោះស្ថាប័នទាំងពីរនេះ ចេញសារព្រមានចាត់វិធានការផ្លូវច្បាប់ហើយក៏ដោយ តែអ្នកគោរពស្រឡាញ់លោក រ៉ុង ឈុន មិនទាន់បញ្ឈប់សកម្មភាពតវ៉ាភ្លាមនោះទេ ដោយនៅថ្ងៃទី៤និងទី៥ ខែសីហា នៅមានសកម្មភាពប្រមូលផ្តុំដដែល គ្រាន់តែអ្នកចូលរួម មិនសូវច្រើនដូចមុន។ ក្រោយរងចំណាត់ការនិងការរារាងពីអាជ្ញាធរ នៅថ្ងៃទី៥ ខែសីហា ការជួបជុំរបស់ប្រជាពលរដ្ឋនិងក្រុមយុវជន ក៏ស្ងប់ស្ងាត់ ហើយនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក៏មិនមានវត្តមានរបស់ពួកគេដែរ នៅព្រឹកថ្ងៃទី៦ ខែសីហានេះ។ យ៉ាងណា មិនមានប្រជាពលរដ្ឋឬយុវជនណាម្នាក់ ត្រូវចាប់ខ្លួននោះទេ។
ទំព័រហ្វេសប៊ុក Khmer Thavrak - ខ្មែរថាវរៈ សរសេរថា៖«ពួកយើងនៅតែបន្តធ្វើ [យុទ្ធនាការទាមទារឲ្យដោះលែងលោកគ្រូ រ៉ុងឈុន] បើទោះបីក្រសួងយុត្តិធម៌ និងរដ្ឋបាលរាជធានីភ្នំពេញគំរាមពួកយើងមិនឲ្យជួបជុំក៏ដោយ។។
លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាមេសហជីព និង ជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ត្រូវកម្លាំងសមត្ថកិច្ច ទៅចាប់ដល់គេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដោយតុលាការ ចោទថា លោក បំភ្លៃខុសការពិតពីបញ្ហាព្រំដែន។ បច្ចុប្បន្ន លោក កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្រោមបទចោទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
តុលាការ ចាត់ទុកបទល្មើសរបស់លោក ថាជាបទល្មើសជាក់ស្តែង។ កាលពីថ្មីៗនេះ លោក រ៉ុង ឈុន បានចុះទៅដើរមើលតាមតំបន់មួយចំនួន តាមបណ្តោយព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋជាង១០០គ្រួសារ។ ក្រោយមក លោក ក៏ចេញសេចក្តីថ្លែងការណ៍ ក្នុងនាមជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រជាពលរដ្ឋមួយចំនួន បានបាត់បង់ដីធ្លី ដោយសារតែអាជ្ញាធរវៀតណាម រំលោភយក ហើយការបោះបង្គោលព្រំដែនខ្លះ គឺបានឈានចូលមកដីខ្មែរ។
គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយវិញ ដោយបានច្រានចោលទាំងស្រុង ចំពោះខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន។ គណៈកម្មាធិការកិច្ចការព្រំដែន មើលឃើញថា សេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន គឺបំភ្លៃខុសការពិត និងមានចេតនាវាយប្រហារដល់កិច្ចការផ្នែកព្រំដែនរបស់រដ្ឋាភិបាល។
ទាំងអង្គការជាតិនិងអង្គការអន្តរជាតិនានា ចេញមកជាបន្តបន្ទាប់ អំពាវនាវឲ្យទម្លាក់បទចោទនិងដោះលែងលោក រ៉ុង ឈុន តែមិនទាន់ទទួលបានលទ្ធផលអ្វីឡើយ។

Post a Comment

0 Comments