ករណីម៉ូតូធំ កែច្នៃបំពុងស៉ីម៉ាំង ខុសលក្ខណៈបច្ចេកទេសនៃទម្រង់ដើម ដែលបង្កជាសំឡេងលឺខ្លាំង ត្រូវតែលុបបំបាត់ជាបន្ទាន់! ដោយមិនត្រូវឲ្យមាននៅក្នុងសង្គមបន្ដទៀតឡើយ...

ថ្ងៃចេញផ្សាយ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីនៃក្រសួងមហាផ្ទៃ (សម្ដេចក្រឡាហោម ស ខេង) បានដាក់បទបញ្ជាខ្លាំងៗ ឲ្យកម្លាំងនគរបាល ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន រួមគ្នាដើម្បីស្រាវជ្រាវរកអត្តសញ្ញាណម៉ូតូធំកែឆ្នៃមួយចំនួនតូច ដែលបង្កអោយមានសំឡេងលឺខ្លាំងរំខានដល់ប្រជាពលរដ្ឋ។ (សម្ដេចក្រឡាហោម ស ខេង) បានដាក់បទបញ្ជាខ្លាំងៗ បន្ទាប់ពីសម្ដេចបានសង្កេតឃើញថា មានករណីក្មេងទំនើងមួយចំនួនជិះម៉ូតូធំ កែច្នៃបំពុងស៉ីម៉ាំង ខុសលក្ខណៈបច្ចេកទេសនៃទម្រង់ដើម ហើយមានសំឡេងលឺខ្លាំង ដែលអាចបង្កការរំខាន និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយសម្ដេចផ្ទាល់ក៏ធ្លាប់បានជួបការរំខាន ដោយសំឡេងបំពុងស៉ីម៉ាំងម៉ូតូកែឆ្នៃនេះផងដែរ។
(សម្ដេចក្រឡាហោម ស ខេង) បានបន្ថែមទៀតថា <បច្ចុប្បន្ននៅក្នុងក្រុងម៉ូតូធំៗ ម៉ូតូហាក់ឡីជាដើម ត្រូវស្នើអោយក្រសួងសាធារណការ បញ្ជូនផ្លាកលេខមកប៉ូលិស ដើម្បីឲ្យដឹងអាសយដ្ឋានម៉ូតូហ្នឹង ពីព្រោះម៉ូតូនេះសុទ្ធតែក្មេងទំនើងជិះ វាជិះហើយវាដកបំពុងស៉ីម៉ាំងចេញ។ បើវាជិះមុខផ្ទះយើង បើកំពុងតែដេកលក់ ដឹងតែភ្ញាក់ហើយ, សម្ដេចនាយករដ្ឋមន្ដ្រី ធ្លាប់លើកឡើងអំពីបញ្ហានេះនៅម្ដុំវិមានឯករាជ្រ>។
(សម្ដេចក្រឡាហោម ស ខេង) បានកត់សម្គាល់ថា ភាគច្រើនអ្នកជិះម៉ូតូធំៗនេះ គឺជិះលឿនៗ ហើយបានបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពេលខ្លះក៏អាចបង្កការរំខានដល់ដំណេករបស់ថ្នាក់ដឹកនាំថែមទៀតផង ដូច្នេះមន្ដ្រីនគរបាល ត្រូវឃ្លាំមើល និងរួមសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកំណត់អត្តសញ្ញាណ និងអាសយដ្ឋានរបស់អ្នកជិះម៉ូតូធំទាំងអស់នេះ។ (សម្ដេចក្រឡាហោម ស ខេង) បានសង្កត់ធ្ងន់ថា ករណីម៉ូតូធំ កែច្នៃបំពុងស៉ីម៉ាំង ខុសលក្ខណៈបច្ចេកទេសនៃទម្រង់ដើម ដែលបង្កជាសំឡេងលឺខ្លាំង ដែលគួរអោយរំខាននេះ ត្រូវតែលុបបំបាត់ ដោយមិនត្រូវឲ្យមានបន្ដទៀតនៅក្នុងសង្គមឡើយ!
(សម្ដេចក្រឡាហោម ស ខេង) បានដាក់បទបញ្ជាជាថ្មីនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីកែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងដែលមានការពាក់ព័ន្ធ និងប្រធានស្ថាប័នជាច្រើនផ្សេងទៀតផងដែរ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ សូមអរគុណ!

Post a Comment

0 Comments