រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងច្បាស់ថា ការហាមឃាត់មិនឱ្យអ្នកសារព័ត៌មានថតគឺមិនមែនហាមគ្រប់កន្លែងទាំងអស់នោះទេ
Wednesday, February 10, 2021
ថ្ងៃចេញផ្សាយ ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១: ខែឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបញ្ជាក់ថា ការហាមឃាត់មិនឱ្យអ្នកសារព័ត៌មានថតគឺមិនមែនហាមគ្រប់កន្លែងទាំងអស់នោះទេ ប៉ុន្ដែអ្នកសារព័ត៌មាន ក៏ត្រូវយល់ដឹងច្បាស់ថា អ្នកសារព័ត៌មានមិនអាចចូលថតបាននៅគ្រប់ទីកន្លែងនោះដែរ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពីមានការតវ៉ារបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJA និងបណ្តាសមាគមអ្នកកាសែតមួយចំនួនទាក់ទងទៅនឹងការហាមមិនឱ្យអ្នកសារព័ត៌មាន ចូលថតនៅក្នុងតំបន់សមត្ថកិច្ចហាមឃាត់ ដែលបញ្ហានេះ ត្រូវបានចោទថា ជាការរារាំងសេរីភាព និងបានចោទបន្ថែម ទៅលើការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដោយយកសំដីរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីអាចចាប់អ្នកសារព័ត៌មាន។ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានធ្វើការឆ្លើយតបទៅនឹងការលើកឡើងទាំងនេះថា ដោយសារសមាគមសារព័ត៌មានមួយចំនួននោះ មិនបានយល់អ្វីដែលជាច្បាប់នោះទេ និងអ្វីដែលហៅថាដែនសមត្ថកិច្ចហាមឃាត់ ត្រូវបានកំណត់ការហាមចូល។ ឯកឧត្ដមបានលើកជាឧទាហរណ៍ជាក់ស្ដែងថា បើនៅសហរដ្ឋអាមេរិកវិញ នៅពេលដែលហ៊ានចូលក្នុងដែនហាមឃាត់របស់សមត្ថកិច្ច គឺត្រូវចាប់ដាក់ខ្នោះតែម្តង។ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា “អ្នកកាសែតមិនមែនធ្វើការជំនួសសមត្ថកិច្ចនោះទេ គឺត្រូវរង់ចាំនៅពេលគេធ្វើការស្រាវជ្រាវវាយតម្លៃហេតុការណ៍នោះ ចប់ជាមុនសិន ទើបមានអ្នកនាំពាក្យរបស់អាជ្ញាធរ សមត្ថកិច្ចនោះ ជាអ្នកផ្តល់ព័ត៌ មានឱ្យជាផ្លូវការ”។ ឯកឧត្ដមក៏បានលើកឡើងទៀតថា ក្នុងរយៈពេលកន្លងមកនេះ ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ច្បាស់ថា នៅក្នុងពេល សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតរឿងព្រហ្មទណ្ឌ ឬរឿងអ្វីមួយគឺមិនអនុញ្ញាតឱ្យថតនោះទេ ដើម្បីរក្សាការសម្ងាត់។ ដូច្នេះត្រូវយល់ពីដែនសមត្ថកិច្ច និងយល់ពីភារកិច្ចរបស់អ្នកសារព័ត៌មាន គឺត្រូវមានសិទ្ធិត្រឹមកម្រិតណាដោយមិនត្រូវទៅបំពាននៅកន្លែងគេនោះទេ។ ជាមួយគ្នានេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់ អគ្គនាយកដ្ឋានទាំង ៥ ចំណុះឱ្យក្រសួងព័ត៌មាន រៀបចំធ្វើបញ្ជីឈ្មោះមន្រ្តីអាទិភាព ពិសេសសម្រាប់អ្នកដែលចេញទៅយកព័ត៌មាន និងធ្វើកិច្ចសម្ភាសន៍ជាប្រចាំ ដើម្បីទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីក្រសួងសុខាភិបាល ហើយវ៉ាក់សាំង Sinopharm របស់ប្រទេសចិននេះ គឺចាក់បានតែអ្នកមានអាយុចាប់ពី១៨ ឆ្នាំ រហូតដល់ ៥៩ ឆ្នាំ តែ ប៉ុណ្ណោះ។ សូមអរគុណ!
0 Comments
Thanks For Supported!