ទីតាំងចំនួន ៤៧កន្លែង នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបិទ ដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល បិទទីតាំងទាំងនោះ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ថ្ងៃចេញផ្សាយ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ 
អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល បិទទីតាំងចំនួន៤៧កន្លែង និងយកទីតាំងទាំងនោះធ្វើជាសំណាកផងដែរ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃទី២៣ខែកុម្ភៈនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងឳកាសដែល ឯកឧត្តមអភិបាលរាជធានី បានបើកកិច្ចប្រជុំដោះស្រាយកិច្ចការបន្ទាន់ៗ មួយចំនួនដែលពាក់ព័ន្ធបញ្ហាទប់ស្កាត់កូវីដ-១៩ និងដកស្រង់បទពិសោធន៍ការងារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ នៅថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលអាជ្ញាធររាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង ១៤បានយកចិត្តទុកដាក់ ខ្លាំងណាស់ ជុំវិញការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ ដោយយើងបានបិទទីតាំងចំនួន៤៧ហើយ នៅរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺនេះក្រោយពីយើងបានយកសំណាកចេញពីទីតាំងទាំង៤៧នេះ។

ឯកឧត្តមក៏បានណែនាំទៅដល់អាជ្ញាធរមន្ទីរសុខាភិបាលនិងមន្ត្រីពាក់ព័ន្ធត្រូវតែសហការគ្នាធ្វើការងារនេះឱ្យបានលឿននិង មានប្រសិទ្ធភាព ដើម្បីឈានទៅលុបបំបាត់ឲ្យបាននូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ គួរបញ្ជាក់ដែរថា មកដល់ពេលនេះមានទីតាំងបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញសហការជាមួយនឹង ក្រសួងសុខាភិបាលគ្រោងនឹងយកសំណាកជាមួយនឹងការបិទទីតាំងទាំងនោះផងដែរ ក្រោយពីបានទទួលព័ត៌មានថា ទីតាំងនោះគឺមានអ្នកដែលសង្ស័យពាក់ព័ន្ធសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈនេះ។

ឯកឧត្តម ឃួង ស្រេងបានបញ្ជាក់ផងដែរថា ចំពោះកិច្ចប្រជុំខាងលើនេះនឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង១០ទៅ ម៉ោង១១ព្រឹក ដើម្បីយើងគ្រប់គ្រងស្ថានការណ៍ ថាតើយើងគួរតែមានវិធានការយ៉ាងណាបន្ថែមទៀត ក្នុងការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ-១៩នេះ។ សូមអរគុណ!

Post a Comment

0 Comments